ប៉ា​គី​ស្ថាន​៖ ៦៥​នាក់បាត់បង់ជីវិត និង​ជាច្រើន​នាក់​ទៀត​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស​ក្នុង​រថភ្លើង​

ព័ត៌មាន និងសន្តិសុខសង្គម

យ៉ាងហោចណាស់​មនុស្ស​៦៥​នាក់ បាន​ស្លាប់ និង​ជាច្រើន​ទៀត រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ហ្គាស​ក្នុង​ទូរថភ្លើង នៅ​ភូមិភាគ​កណ្តាល​ប៉ា​គី​ស្ថាន នា​ថ្ងៃទី​៣១ ខែតុលា​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ខេត្ត Punjab ។​វីដេអូ ដែល​ផ្សព្វផ្សាយ​នៅតាម​ទូរទស្សន៍ បានបង្ហាញ​ពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​នៅក្នុង​រថភ្លើង​។ ឧបទ្ទវហេតុ​មួយ​នេះ បានកើត​ឡើង​នៅ​ជិត​ស្រុក Rahim Yar Khan ក្នុង​ខេត្ត Punjab ប្រទេស​ប៉ា​គី​ស្ថាន​។

«​ផ្អែក​តាម​ព័ត៌មាន ដែល​បាន​ដល់ដៃ​យើង ពាក់ព័ន្ធ​ទៅនឹង​កន្លែងកើតហេតុ មនុស្ស​ច្រើនជាង ៦៥​នាក់​ទទួលមរណៈភាព និង​ជាង ៤០​នាក់​រងរបួស​»​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត Yasmin Rashid រដ្ឋមន្ត្រី​សុខាភិបាល​ខេត្ត Punjab របស់​ប៉ា​គី​ស្ថាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ចំណែក​អ្នករងរបួស​ត្រូវបញ្ជូន​ទៅ​មន្ទី​ពេទ្យ​នៅក្បែរនោះ​ភ្លាមៗ​។
​រដ្ឋមន្ត្រី​សិទ្ធិ​មនុស្សលោក Shireen Mazari បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​បែបនេះ គឺ​បណ្តាលមកពី​ការផ្ទុះ​ហ្គាស​របស់​អ្នកដំណើរ​។ ពីដំបូង​អ្នកដំណើរ​ខ្លះ បាន​ចម្អិន​អាហារ​សម្រាប់​ពេលព្រឹក​។ ប៉ុន្តែ​ស្រាប់​តែមាន​ចង្ក្រាន​ពីរ បាន​ផ្ទុះ ខណៈពេល​កំពុង​ចម្អិន​។ អ្នកដំណើរ​ទាំងនោះ បាន​ចាក់​ប្រេង​បន្ថែម​ទៅលើ​ភ្លើង ដែល​បង្ក​ឲ្យ​ភ្លើង​ឆេះ​កាន់តែ​សន្ធោសន្ធៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។
មនុស្ស​មួយចំនួន បានទទួល​មរណភាព​ដោយ​ការ​លោត​ពីលើ​រថភ្លើង និង​ជនរងគ្រោះ​ខ្លះទៀត បាន​ស្លាប់​ដោយសារតែ​ភ្លើង​ឆេះ​។
​ជា​សេវា​រថភ្លើង​ដ៏​ចំណាស់ និង​ពេញនិយម​មួយ រថភ្លើង Tezgam ធ្វើដំណើរ​ចេញពី​ទីក្រុង Rawalpindi ក្បែរ​រដ្ឋធានី​អ៊ី​ស្លា​ម៉​បាដ ទៅ​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង Karachi ។ អ្នកដំណើរ តែងតែ​ចម្អិន​អាហារ​នៅក្នុង​រថភ្លើង​សម្រាប់​ដំណើរ​ដ៏​វែងឆ្ងាយ​។ នេះ​គឺជា​បញ្ហា​ចោទ​ជាខ្លាំង​។ ដោយឡែក​ជនរងគ្រោះ​ទាំងនេះ គឺ​ធ្វើដំណើរ​ឆ្ពោះទៅ​សន្និសីទ​មួយ ដែល​ត្រូវបាន​រៀបចំឡើង​ក្រុម​ឥស្លាម Tablighi Jamaat Sunni​។

​សូមបញ្ជាក់ថា កាលពី​ខែកក្កដា យ៉ាងហោចណាស់​មនុស្ស ២៣​នាក់ បានទទួល​មរណភាព​ដោយសារតែ​រថភ្លើង​អ្នកដំណើរ បាន​បុក​គ្នា​ជាមួយ​រថភ្លើង​ដឹកទំនិញ​។ បន្ថែម​ពីលើ​នេះ នៅក្នុង​ឆ្នាំ ២០០៥ ហេតុការណ៍​រថភ្លើង​បុក​គ្នា​មួយ ក៏បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​១៣០​នាក់​៕ប្រភព៖thmeythmey

Leave a Reply

Your email address will not be published. Required fields are marked *