ស្ត្រី​អ៊ីរ៉ង់​ពេញ​ដោយ​ស្នាមញញឹម​ក្នុង​រូប Selfie ជាមួយ​អ្នកចាត់ការ​ទូទៅ​កម្ពុជា​!…!

កំសាន្ត កីឡា

នា​រយៈពេល​ជាង​១០​ម៉ោង មុន​ដំណើរ​ការប្រកួត​នា​វេលា​ម៉ោង​៨ និង​៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​] សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បង្ហោះ​រូបថត​ជាង​៣០​សន្លឹក ទាក់ទង​នឹង​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Keisuke Honda និង​គ្រូបង្វឹក Felix Dalmas​។ ក្នុងចំណោម​នោះ យើង​សង្កេតឃើញ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ស្នាមញញឹម​របស់​ស្ត្រី​អ៊ីរ៉ង់​៣​នាក់ ទៅកាន់​កាមេរ៉ា​ទូរ​សព្ទ​របស់លោក Honda​។​
​មិនមាន​ការបញ្ជា​ក់ថា ជា​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ ឬ​ជា​អ្នកគាំទ្រ​នោះឡើយ ប៉ុន្តែ​រូបភាព​នេះ បង្ហាញ​ពី​ភាព​រីករាយ​របស់​ស្ត្រី​អ៊ីរ៉ង់​ដែល​បាន​ប្រឡូក​ខ្លួន​ក្នុង​សកម្មភាព​បាល់ទាត់ ហើយក៏​មានឱកាស​ថត​ជាមួយ​លោក Honda អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន​ផងដែរ​។​

លោក Honda មិនមាន​ប្រវត្តិ​ប្រកួត​ជាមួយ​អ៊ីរ៉ង់​ឡើយ ប៉ុន្តែ​តេ​ហេ​រ៉ង់ ក៏​មិនមែនជា​ទឹកដី​ដែល​លោក​ជាន់​ដំបូង​នោះដែរ​។ កាលពី​ការប្រកួត​ជម្រុះ World Cup 2018 កីឡដ្ឋាន Azadi នេះ ត្រូវបាន​ប្រើប្រាស់​ជា​ទឹកដី​កណ្តាល​នៃ​ជំនួប​រវាង​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជប៉ុន ដោយ Honda បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ចុងក្រោយ​នៃ​ជ័យជម្នះ ៦-០ របស់​ក្រុម​សា​មួ​រ៉ៃ​ខៀវ​។​
Selfie! កម្លាំងចិត្ត​! ដោយ​មិន​និយាយ​ពី​លទ្ធផល​នៃ​ការប្រកួត ក្រុម​ស្ត្រី​អ្នកគាំទ្រ​បាល់ទាត់​នៅ​អ៊ីរ៉ង់ ពិតជា​ទទួល​បានការ​សាទរ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ ប៉ុន្តែ​នេះ​ក៏​ជា​ឱកាស​របស់​ក្រុម​គោព្រៃ​កម្ពុជា​ផងដែរ​ក្នុងការ​បង្ហាញ​សមត្ថភាព​ខ្លួន​តទល់​ជាមួយ​ក្រុម​លំដាប់​លេខ​១​អាស៊ី ដែលមាន​គម្លាត​ខុសគ្នា​ជាង​១៥០​លេខ​លើ​តារាង FIFA Rankings​។​

​ភ្លើង​ខៀវ​របស់​អាជ្ញាធរ​សាធារណរដ្ឋឥស្លាម​អ៊ីរ៉ង់ ក្រោម​ការប្រឹងប្រែង​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) កើតឡើង​ក្រោយ​ករណី​ដុត​សម្លាប់ខ្លួន​របស់​អ្នកគាំទ្រ​ម្នាក់​ឈ្មោះ Sahar Khodayari ដែល​នាង​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ​ពីបទ​ព្យាយាម​ចូល​កីឡដ្ឋាន​ដោយ​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​បុរស​។​
​នេះ​ជាការ​ដំណាក់កាល​នៃ​ការបើកចំហរ​ឡើងវិញ ក្រោយ​រឹតត្បិត​ជាង​៤០​ឆ្នាំ ប៉ុន្តែ​សម្រាប់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ការរើសអើង និង​ការភ័យខ្លាច​នៅតែ​បន្ត​កើតមាន​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អង្គការ​អន្តរជាតិ​មួយ​នេះ ស្នើ​ឲ្យ FIFA ប្រើ​ឥទ្ធិពល​ខ្លួន​ដើម្បី​ជុំរុញ​ឲ្យ​ស្ត្រី​អ៊ីរ៉ង់​ចូល​ទស្សនា​បាន​ដោយសារ ពោលគឺ​មិនត្រូវ​កំណត់​ត្រឹម ៤៦០០​កៅអី ក្នុងចំណោម​៩០០០០​កៅអី​នោះឡើយ​៕

ប្រភព៖thmeythmey

Leave a Reply

Your email address will not be published. Required fields are marked *