អ្នកច្នៃ​ម៉ូដ​ឲ្យ​កញ្ញាឯក​កម្ពុជា ​Miss Charm​ រំពឹង​ទាក់​​​ទាញ​អារម្មណ៍​ពេល​​ប្រកួត​អន្តរជាតិ​!!!

ព័ត៌មាន និងសន្តិសុខសង្គម

ភ្នំពេញ៖​ ម៉ូដ​​សម្លៀក​​បំពាក់​ជា​ឈុត​ថ្មី​​សន្លាង​​មាន​​ឈ្មោះ​ថា «​​​ព្រះបាទ​សូរ្យវវ្ម័ន​ទី២​» ដែល​​ច្នៃ​​ម៉ូដ​​​ដោយ​សិល្បករ​សហសម័យ​​​លោក ឯម រៀម​ និង​​គ្រង​ឈុត​ដោយ​​តារា​បង្ហាញ​ម៉ូដ ​និង​​​ជា​អតីត Miss Universe​ 2017 កញ្ញា ប៊ី សុធារី ​នឹង​នាំ​យក​​នូវ​ចំណាប់​អារម្មណ៍​ប្លែក​លើ​ឆាក​​អន្តរជាតិ​​​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​​បវរកញ្ញា​លំដាប់​ពិភព​លោក​ Miss Charm International 2020 នៅ​​ទីក្រុង​​​​ហូជីមិញ​ ប្រទេស ​វៀតណាម នា​ពេល​​ឆាប់ៗ​នេះ​។ ​ការ​ប្រកួត​​ Miss Charm International 2020​ មាន​តារា​​បង្ហាញ​​ម៉ូដ​ និង​ជា​អតីត Miss Universe 2017 ​កញ្ញា ​ប៊ី សុធារី ​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ក៏​បាន​ត្រៀម​​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​បោះ​​ជំហាន​​​ទៅ​​​​​​កាន់​ឆាក​​​អន្តរជាតិ​​សាជា​ថ្មី​ម្តង​ទៀត ​ស្រប​​​ពេល​ដែល​ការ​ច្នៃ​ម៉ូដ​នេះ ​គឺ​ជា​ការ​បញ្ចេញ​សា្នដៃ​លើក​​ដំបូង​​របស់​សិល្បករ​ ​សហសម័យ​​ឆ្នើម​លោក ឯម រៀម ផង​ដែរ​ ​ក្នុង​ពិភព​រចនា​​​ម៉ូដ​​ប្រពៃណី​ខ្មែរ​ ​សម្រាប់​ឲ្យ​បេក្ខនារី​ជា​​តំណាង​​​សម្រស់​ខ្មែរ​​​គ្រង​​​ឈុត​ ដើម្បី​​បង្ហាញ​លើ​​ឆាក​​អន្តរជាតិ​។ ​

លោក ឯម រៀម ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​ប្រពៃណី​ (National Costume) មាន​​​ឈ្មោះ​​​​ថា «ព្រះ​​បាទ​សូរ្យវវ្ម័ន​ទី២» សម្រាប់​​ឲ្យ​​​បេក្ខនារី​តំណាង​​សម្រស់​កម្ពុជា Miss Charm ​Cambodia គឺ​​កញ្ញា ប៊ី សុធារី នោះ​ក៏​​​បាន​រៀបរាប់​ពី​គំនិត​ច្នៃ​​​ផង​​ដែរ​ថា៖ ​«​ឈុត​​​នេះ​ត្រូវ​បាន​​ដក​ស្រង់​​ចេញ​​ពី​សិលាចារិក​អង្គរវត្ត ​គឺ​ជា​ឈុត​​​មួយ​ស្តីពី​តួអង្គ​​អតីត​​ជា​​​​មហា​ក្សត្រ​ខ្មែរ​​គឺ​​ព្រះបាទ​​​​សូរ្យវវ័ន្ម​ទី២ ​ដែល​​ជា​អ្នក​​កសាង​​ប្រាសាទ​អង្គរវត្ត​ដ៏​​អស្ចារ្យ​​របស់​ប្រទេស​ខ្មែរ​​យើង​​»។ លោក ​ឯម រៀម​​បាន ​ឲ្យ​ដឹង​បន្ត​ថា៖ «​​ចំពោះ​​ឈុត​ព្រះ​​​បាទ​​​សូរ្យវវ្ម័ន​ទី​២ នេះ​ចង់​​​បញ្ជាក់​ពី​មន្ត​ស្នេហ៍​នៃ​វីរភាព​​​ដ៏​អង់​អាច​ក្លាហាន​ និង​​ការ​​តាំង​​ចិត្ត​​ដ៏​មោះមុត​របស់​​​ព្រះអង្គ ​ហើយ​តាមរយៈ​​​​ឈុត​​នេះ​ ខ្ញុំ​ក៏​ចង់​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​​ទ្រង់​មាន​ឡើង​​វិញ​​តាមរយៈ​ម៉ូដ​សម្លៀក​បំពាក់​ដែល​ជា​ឈុត​ប្រពៃណី​ ដែល​គ្រង​ដោយ​កញ្ញា ប៊ី ​សុធារី លើ​ឆាក​អន្តរជាតិ​នៅ​ក្នុង​កម្មវិធី​​ប្រកួត​​កញ្ញាឯក​អន្តរជាតិ Miss​ Charm International 2020 នៅ​​ឯ​ទី​ក្រុង​ហូជីមិញ ប្រទេស ​វៀតណាម​ នា​ពេល​​​ឆាប់​នេះ​​​តែ​​ម្តង​។​តាមរយៈ​ឈុត​​នេះ ក៏​ចង់​បង្ហាញ​ជា​មនុស្ស​ស្រី កាល​ដែល​បាន​គ្រង​ឈុត​​តំណាង​ជាតិ​​ដែល​ជា​​តួអង្គ​មនុស្ស​​​ប្រុស​ ក៏​ជា​រឿង​មួយ​ប្លែក​អស្ចារ្យ​​ ពោល​គឺ​ស្រី្ត​​​ក្នុង​តួអង្គ​ជា​បុរស​នោះ​។​
ខ្ញុំ​ក៏​មាន​សេចក្តី​​ រំពឹង​ដែរ​ថា ឈុត​​នេះ​ក៏​នឹង​​​កាន់​​តែ​​​​ធ្វើ​ឲ្យ​កញ្ញា សុធារី ទទួល​បាន​​​​នូវ​​​ភាព​​ទាក់ទាញ​ ​កាន់​តែ​ខ្លាំង​ពី​ក្រសែ​ភ្នែក​អន្តរជាតិ​ផង​ដែរ ជា​ពិសេស​នោះ​ គឺ​ក្រុម​​គណៈកម្ម​​ការ​វាយ​តម្លៃ​នៃ​ការ​ប្រកួត​បវរកញ្ញា​​អន្តរជាតិ​នេះ​»៕​ប្រភព៖ភ្នំពេញប៉ុស្ត៏

Leave a Reply

Your email address will not be published. Required fields are marked *