សៀមរាប៖ ប្រើ​តែ​ដៃ​ស្ដាំ​កាច់​ចង្កូត​ ខណៈ​ជើង​ទាំង​គូ​ខំសាប់​បន្ថែម​ល្បឿន​ឲ្យ​​សម្រេច​គោលដៅ​ ៦០ គីឡូម៉ែត្រ ​​ឈុយ ណារ៉េត ប្រឹងប្រែង​ហ្វឹកហាត់​ជិះ​កង់​យ៉ាង​សស្រាក់​សស្រាំ​ជាមួយ​មិត្ដភក្ដិ​បុរសៗ​មុន​ពេល​ចេញ​សកម្មភាព​រៃ​អង្គាស​ប្រាក់​ជួយ​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​ក្បែរ​តំបន់​ប្រាសាទ​អង្គរវត្ដ​។

ណារ៉េត ជា​នារី​មាន​ពិការភាព​តែ​ម្នាក់​​គត់​ជាមួយ​បុរសៗ​មាន​ពិការភាព​ដូច​គ្នា​ចំនួន ៨ នាក់​ទៀត បាន​ត្រៀម​ខ្លួន​​ជិះ​កង់​ពី​ភ្នំពេញ​ទៅ​ក្រុង​សៀមរាប​លើ​ចម្ងាយ​ផ្លូវ ២៥១ គីឡូម៉ែត្រ​ រយៈពេល ៤ ថ្ងៃ​ នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ​នេះ​ ដើម្បី​បន្ដ​កិច្ចការ​មនុស្សធម៌​ ក្រោយ​​ពលរដ្ឋ​ ដែល​រង​ប៉ះពាល់​ដោយសារ​​​​​របរ​បន្ដិច​បន្ដួច​ពី​សេវាកម្ម​ទេសចរណ៍​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​។

អ្នកស្រី ឈុយ ណារ៉េត អាយុ ៤១ ឆ្នាំ ជា​ស្ថាបនិក​ Food Bank និង​អ្នក​គ្រប់គ្រង​សហគ្រាស​សង្គម Genevieve’s Fair Trade Village (GFTV)បាន​និយាយ​ថា​៖ «​ខ្ញុំ​បង្កើត​កម្មវិធី​ជិះ​កង់​​​នេះ ដោយសារ​បើ​យើង​ជិះ​កង់​រួម​គ្នា​រៃ​អង្គាស​ប្រាក់​ជួយ​ជន​ពិការ និង​ចាស់​ជរា ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ស្បៀង​អាហារ​អំឡុង​ពេល​កូវីដ ១៩ ក្រុម​បង​ប្អូន​​ពិការ​​យើង​ក៏​យល់​ព្រម ដោយ​យល់​​ថា វាជា​គំនិត​ផ្ដួច​ផ្ដើម​ដ៏​ល្អ​មួយ​»។

អ្នកស្រី​បន្ដ​ថា​៖ «​យើង​ចាប់​ផ្ដើម​ហ្វឹកហាត់​ពី​ចម្ងាយ​ផ្លូវ ១៨ គីឡូម៉ែត្រ ​រហូត​ដល់ ៦០ គីឡូម៉ែត្រ ទើប​យើង​បន្ថយ​មក​ជិះ​កង់​ល្មមៗ​រៀង​រាល់​សប្ដាហ៍​ ដើម្បី​ឲ្យ​កុំ​ឈឺ​សាច់​ដុំ​»។

ជាមួយ​កម្មវិធី​ Food Bank ដែល​ជា​​គំនិត​ផ្ដួច​ផ្ដើម​របស់​អ្នកស្រី ណារ៉េត ផង​នោះ ពលរដ្ឋ​ក្រីក្រ​ជិត ១០០ គ្រួសារ ​​កំពុង​ទទួល​​បាន​នូវ​ជំនួយ​សង្គ្រោះ​ជា​ស្បៀង​អាហារ​ប្រចាំ​ខែ​ ដើម្បី​​ឲ្យ​ឆ្លង​ផុត​គ្រា​លំបាក​នេះ​ ត្បិត​​​ស្ថាបនិក​កម្មវិធី​​ក៏​កំពុង​ប្រឈម​នឹង​វិបត្ដិ​នេះ​​ផង​ដែរ​។

អ្នកស្រី​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ថា៖ «​រយៈពេល​ជិត ៤ ខែ​ហើយ​ដែល ​Food Bank បាន​ឧបត្ថម្ភ​ជំនួយ​ស្បៀង​​​ដល់​ពលរដ្ឋ​ក្រីក្រ​ ៨៥ គ្រួសារ​ហើយ​​យើង​នៅ​សល់​ថវិការ​គម្រោង​ជាង ២ ខែ​​ទៀត​។ ដើម្បី​ជីវភាព​គ្រួសារ​​របស់​ពួក​គេ យើង​ក៏​សម្រេច​បង្កើត​កម្មវិធី​​ជិះ​​កង់​រៃ​អង្គាស​ប្រាក់​នេះ​សម្រាប់​ពួក​គាត់​​បន្ដ​​ឲ្យ​បាន ៣-៤ ខែ​អី​ទៀត​​»។

Content image – Phnom Penh Post
អ្នកស្រី និង​បុរស​មាន​ពិការភាព ៨ នាក់​ ត្រៀមជិះកង់ ២៥១ គីឡូម៉ែត្រ​។ រូបថត សហ​ការី
ជា​ក្មេង​កំព្រា​ ឪពុក​ម្ដាយ​ចែក​ផ្លូវ​គ្នា​មាន​​គ្រួសារ​ទីទៃ​ ឈុយ ណារ៉េត ប្រសូត​មក​​ដោយ​មាន​ស្លាកស្នាម​ដៅ​ពណ៌​ខ្មៅ​លើ​ផ្ទៃ​មុខ និង​ពិការ​ដៃ​ខាង​ឆ្វេង​រស់​នៅ​ជាមួយ​ម្ដាយ​ធំ​។ ក្រោយ​ម្ដាយ​ធំ​ស្លាប់​ទៅ​អ្នកស្រី ណារ៉េត ត្រូវ​រស់​ដោយ​ខ្លួន​ទី​ពឹង​ខ្លួន​ បើ​ទោះ​បីជា​នៅ​មាន​ឪពុក​ម្ដាយ​ ប៉ុន្ដែ​ពួក​គេ​មាន​បន្ទុក​ចិញ្ចឹម​បីបាច់​កូនៗ​រៀងៗ​ខ្លួន​។

អ្នកស្រី​និយាយ​ថា៖ «​ខ្ញុំ​ធ្លាប់​ជិះ​កង់​ដៃ​ម្ខាង​លក់​ត្រកួន​ ដួល​ត្រដាប​ត្រដួស​ដើម្បី​ជីវភាព​ខ្លួន​ឯង​បាន​រស់​បន្ដ​ទៀត។ ពេល​ខ្ញុំ​ចង់​បាន​ម៉ាស៊ីន​ដេរ​ខ្ញុំ​តស៊ូ​លក់​បន្លែ​ទាំង​យប់​ទាំង​ថ្ងៃ​»។​

អ្នកស្រី​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ ដែល​ជា​អាជីព​បន្ដ​ចំណេះដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ ប៉ុន្ដែ​ក្ដី​សុបិន​ប្រែ​ជា​រលាយ​ខ្សុល​ នៅ​ពេល​នារី​ពិការ​រូប​នេះ​មិន​អាច​សុំ​​​ឪពុក​ទិញ​កង់​ចាស់​មួយ​ជិះ​ទៅ​អនុវិទ្យាល័យ ដែល​មាន​ចម្ងាយ​ផ្លូវ​ ១០ គីឡូម៉ែត្រ​បាន​។

អ្នកស្រី ណារ៉េត ដែល​នៅ​តែ​ដឹង​គុណ​​ឪពុក​ម្ដាយ​ចំពោះ​គុណ​បំណាច់​បង្កើត​រូប​ខ្លួន​ និង​ឲ្យ​ខ្លួន​ចេះ​ពុះពារ​ឧបសគ្គ​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃ​ បាន​រៀបរាប់​ពី​ខ្សែ​ជីវិត​​ទាំង​សំឡេង​អួល​ដើម​ក​ថា៖​ «​ពេល​នោះ​ឪពុក​ខ្ញុំ​អត់​មាន​តប​អ្វី​ទាំង​អស់​ចំពោះ​សំណើ​ខ្ញុំ​។ បងប្អូន​សាច់​ម្ដាយ​ទីទៃ​ ពួក​គេ​មាន​ដៃ​មាន​ជើង​​គ្រប់​ និង​មាន​លទ្ធភាព​បន្ដ​ការ​សិក្សា​រហូត​​ចប់​មហាវិទ្យា​ល័យ និង​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​។ ត្រង់​ខ្ញុំ​ជា​ជន​ពិការ​ មិន​អាច​បន្ដ​ការ​សិក្សា​បាន​ពី​ព្រោះ​ដល់​ថ្នាក់​ទី ៧ ខ្ញុំ​មិន​អាច​ដើរ ១០ គីឡូម៉ែត្រ​​បាន​ទៀត​ទេ»។

ក្រោយ​ពី​អស់​លទ្ធភាព​បន្ដ​ការ​សិក្សា​អ្នកស្រី ណារ៉េត ក៏​ងាក​មក​ស្រវេស្រវា​របរ​ចិញ្ចឹម​ក្រពះ​ជាមួយ​ជំនាញ​កាត់​ដេរ ដោយ​ធ្វើ​ការ​សន្សំ​ប្រាក់​ទិញ​ម៉ាស៊ីន​ដេរ​ផ្ទាល់​ខ្លួន​។

បច្ចុប្បន្ន​ ស្ដ្រី​មាន​ពិការភាព​ដែល​នៅ​​តែ​មាន​ក្ដី​សង្ឃឹម​ក្នុង​ឆាក​ជីវិត​​រូប​នេះ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​សហគ្រាស​សង្គម GFTV ជា​ស្ថាបនិក​ Food Bank និង​អ្នក​ផ្ដួច​ផ្ដើម​កម្មវិធី​ជិះ​កង់ Life Cycling ពី​ភ្នំពេញ​ទៅ​សៀមរាប។

បើ​ទោះបី​ជា​ត្រូវ​ខិតខំ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​​ខ្លួន​ពី​ការ​កាត់​ដេរ​សម្ភារ​ផ្សេងៗ​លក់​​ឲ្យ​ភ្ញៀវ ​ភាគ​ច្រើន​ជា​ទេសចរ​​ ដែល​​កំពុង​តែ​ចោទ​ជា​បញ្ហា​ និង​ខិតខំ​ត្រដរ​ស្វែង​រក​ជំនួយ​ជួយ​អ្នក​ក្រ​ខ្សត់​ជាង​ខ្លួន​​បន្ថែម​ទៀត​នោះ ​អ្នកស្រី​អះអាង​ថា​ មិន​នឿយ​ហត់​ឡើយ​ក្នុង​ការ​ជួយ​ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​។

អ្នកស្រី​និយាយ​ជំនួស​មុខ​ក្រុម​អ្នក​ជិះ​កង់​បុរសៗ ៨ នាក់​ទៀត​ថា ពួក​គេ​​រីករាយ​ដែល​បាន​ស្ម័គ្រ​ចិត្ដ​​ជិះ​កង់​រៃ​អង្គាស​​ប្រាក់​ជួយ​ជន​ក្រីក្រ​ ជាពិសេស​ជន​ពិការ និង​ចាស់​ជរា​ក្នុង​សហគមន៍។

អ្នកស្រី ណារ៉េត បាន​ឲ្យ​ដឹង​ថា​៖ «ពួក​យើង​សប្បាយ​ចិត្ដ​នៅ​ពេល​យើង​អាច​ជួយ​ពលរដ្ឋ​ក្រីក្រ​បាន​ច្រើន​រហូត​ដល់​ជិត ១០០ គ្រួសារ​។ គ្រួសារ​ខ្លះ ឃើញ​យើង​វេច​កញ្ចប់​ជំនួយ​ទៅ​ឲ្យ​ ពួក​គាត់​យំ​យែក​រំភើប​ចិត្ដ​ពេក​។ ទោះ​កញ្ចប់​ស្បៀង​មាន​តម្លៃ​ខ្ទង់​ត្រឹម ៣០ ដុល្លារ​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មាន​សារសំខាន់​សម្រាប់​ជីវភាព​ពួក​គាត់។ គ្រួសារ​​​ខ្លះ​ ១ កញ្ចប់​ស្បៀង​នេះ​អាច​គ្រប់គ្រាន់​សម្រាប់ ​១ ខែ ខណៈ​គ្រួសារ​ខ្លះ​បាន​ត្រឹម ២០ ថ្ងៃ​»។

ក្នុង​នាម​ជា​ស្ដ្រី​ពិការ​ និង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ជិះ​កង់​ជាង ២០០ គីឡូម៉ែត្រ​ អ្នកស្រី​​ក៏​មាន​មោទនភាព​​ដែល​បាន​ជិះ​កង់​ជួប​ជុំ​បងប្អូន​ជន​ពិការ​ និង​​​អាច​ជួយ​ដល់​សហគមន៍​ផង​ដែរ​។

អ្នកស្រី​បន្ត​ថា​៖ «​ទោះបី​ជា​ខ្ញុំ​នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មាន​កម្លាំង​ចិត្ដ​ចង់​ធ្វើ​។ ខ្ញុំ​ឃើញ​ស្នាម​ញញឹម​​របស់​ពួក​គាត់​ ខ្ញុំ​ស្បើយ​អស់​ហើយ​ភាព​នឿយហត់​។ ខ្ញុំ​មិន​បោះបង់​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​ពួក​គាត់​បាន​នោះ​ទេ​»។

អ្នកស្រី ណារ៉េត អះអាង​ថា​៖ «​វា​មិន​មែន​ជា​ព្រឹត្ដិការណ៍​អ៊ូអរ​មនុស្ស​ច្រើន​​អី​នោះ​ទេ ដោយ​វា​មាន​តែ​អ្នក​ជិះ​កង់​យើង ៩ ទៅ ១០ នាក់ ជាមួយ​រថយន្ដ ២ ​គ្រឿង​មុខ និង​ក្រោយ​ សម្រាប់​ត្រៀម​បម្រុង​ក្នុង​ករណី​អ្នក​ជិះ​កង់​​អស់​កម្លាំង​ទៅ​មុខ​លែង​រួច​»។

នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​កក្កដា និង​ Life Cycle នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​​រាជធានី​ភ្នំពេញ​ និង​ឈប់​សំចត​ថ្ងៃទី ​១ ​នៅ​​ខេត្ដ​កំពង់ចាម លើ​ចម្ងាយ​ផ្លូវ​ ៧០ គីឡូម៉ែត្រ​។ នៅថ្ងៃ​ទី ២ ពួក​គេ​បន្ដ​ដំណើរ​ជិះ​កង់ ៨១ គីឡូម៉ែត្រ​ទៀត​ ទៅ​ដល់​ខេត្ដ​កំពង់ធំ​។ ពី​ក្រុង​កំពង់ធំ​ទៅ​កាន់​កំពង់​ក្ដី ចម្ងាយ ៦៥ គីឡូម៉ែត្រ ជា​ទី​សំចត​ថ្ងៃទី ៣ របស់​ពួក​គេ​។ ចំណែក​ថ្ងៃទី ៤ ជា​ថ្ងៃ​ចុង​ក្រោយ ក្រុម​ជិះ​កង់​ធ្វើ​ដំណើរ​តែ ៣៥ គីឡូម៉ែត្រ​រហូត​ដល់​ក្រុង​សៀមរាប​។

អ្នកស្រី​បាន​ពន្យល់​ថា​៖ «​តាម​ពិត​ពី​ភ្នំពេញ​ទៅ​សៀមរាប​មាន​ចម្ងាយ​ប្រមាណ ៣១៨ គីឡូម៉ែត្រ​។ តែ​យើង​ធ្វើ​ត្រឹម ២៥១ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ព្រោះ​ពួក​យើង​ជា​ជន​ពិការ​ ដែល​ត្រូវ​​ការ​ជិះ​ឡាន​ខ្លះៗ​ទៅ​តាម​ថ្ងៃ​នីមួយៗ។ ចេញ​ពី​ភ្នំពេញ​ យើង​នឹង​ប្រើ​ផ្លូវ​តូច​ខាង​​ត្រើយ​ម្ខាង​ឆ្ពោះ​ទៅ​កាន់​កំពង់ចាម រួច​ទើប​យើង​ប្រើ​ផ្លូវ​ជាតិ​លេខ ៦ វិញ ចាប់​ពី​កំពង់ចាម​ទៅ​ដល់​សៀមរាប​»។

ព័ត៌មាន​​ពី​កម្មវិធី​ជិះ​កង់ Life Cycle Cambodia 2020 មាន​នៅ​​វេបសាយ www.lifecyclecambodia.org ឬហ្វេសប៊ុក @lifecyclecambodia។ ​លេខ​ទូរស័ព្ទ ០៨៥ ៨៥ ១៥ ៣៩ សម្រាប់​ការ​បរិច្ចាគ​៕ប្រភព៖postkhmer

LEAVE A REPLY