ភ្នំពេញ៖ នា​មួយរយៈ​ពេល​​ចុង​ក្រោយ​​នេះ តារា​​​ចម្រៀង​​​ស្រី​វ័យ​ក្មេង និង​ជា​តារា​ស្រី​​​រលក​ក្រោយ​​រះ​​លើ​ទ្រនំ​ធំ​ផលិតកម្ម​​​ហង្សមាស​​កញ្ញា​ រ៉េត ស៊ូហ្សាណា កំពុង​តែ​មាន​រាសី​ឡើង​ស្រឺតៗ​ ហើយ​ក៏​ចេះ​ដូរ​ស្ទីល​តុបតែង​កាយ​ប្លែកៗ ​ដើម្បី​តម្រូវ​​តាម​​ទីផ្សារ​​​សិល្បៈ​បង្កើត​ការ​​​ភ្ញាក់​ផ្អើល​ដល់​​មហាជន​​ផង​ដែរ​។​

ខណៈ​ថ្មីៗ​នេះ ​តារា​ចម្រៀង​ស្រី​ដែល​មាន​ដើមទុន​ល្អ​ បក​ស្រាយបទ​​ចម្រៀង​ជា​ភាសា​អង់គ្លេស​បាន​ពីរោះ​ និង​អតីត​ជា​បេក្ខនារី​​​ប្រឡង​ ​The Voice Cambodia រដូវ​​កាល​ទី២ ត្រឹម​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​ កញ្ញា រ៉េត ស៊ូហ្សាណា​ ស្រាប់​តែ​រំលេច​​រូបភាព​មាន​ម៉ូដ​សក់​ខ្លី​មួយ ​ស្ទីល​ថ្មី​ប្លែក​​អារម្មណ៍​​រហូត​​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​​​លាន់​មាត់​ថា៖ «អ៊ីយ៉ា! ​ស្រី​ស្អាត​ ស៊ូហ្សាណា កំពុង​តែ​ដូរ​ស្ទីល​ថ្មី​ទេ​តើ​នៀក​! ​​​តាម​ពិត​ទៅ​ ក្នុង​នាម​ជា​អ្នក​​សិល្បៈ​​ត្រូវ​តែ​មាន​អ្វី​​ប្លែកៗ​អ៊ីចឹង​ហើយ​​ ទើប​អាច​ទាក់ទាញ​​ចំណាប់​អារម្មណ៍​​ប្រិយ​មិត្ត​​ច្រើន និង​មិន​ឲ្យ​គេ​សាំ​ភ្នែក​។​ ម្យ៉ាង​វិញ​ទៀត​ ការ​ដែល​​ចេះ​​​តែង​ខ្លួន ឬ​​ក៏​លេង​​​ស្ទីល​​ប្លែក​បែប​នេះ ក៏​ជា​រឿង​មួយ​ល្អ​សម្រាប់​​បំពេញ​​​តាម​តម្រូវ​​ការ​នៃ​ទីផ្សារ​សិល្បៈ​​ផង​​ដែរ»។​

តារា​ចម្រៀង​ស្រី​ទើប-​​​តែ​​មាន​វ័យ​ ២០ ​ឆ្នាំ ​សាង​​​​​​កេរ្តិ៍​ឈ្មោះ​​​ល្បី​លើ​វិថី​សិល្បៈ​​ព្រោះ​មាន​​​​សំនៀង​​ពីរោះ​​ជា​​​ភាសា​​អង់គ្លេស​ និង​​​កំពុង​តែ​​​​មមាញឹក​​ខ្លាំង​​នៅ​ក្នុង​​​សិល្បៈ​ ខណៈ​​​ក្រៅ​ពី​​ច្រៀង​​​​​នាង​​​​ជា​​ទូត​សុច្ឆន្ទៈ​​​ឲ្យ​​​​ក្រុមហ៊ុន​ Cellcard ​នៅ​​​​ក្រុមហ៊ុន​​ទូរស័ព្ទ​ម៉ាក​ OPPO​ ក្រុមហ៊ុន ​Charles​ & Keith ជា​​ដើម​​នោះ ក៏​បាន​តប​​សារ​​​​មហាជន​​វិញ​ដែរ​​ថា៖ «​អរគុណ​ទាំង​អស់​គ្នា ចំពោះ​ការ​​​តាមដាន​ពី​ការ​តុបតែង​របស់​នាង​ខ្ញុំ។ ​រូបថត​​ម៉ូដ​សក់​ខ្លី​​នេះ​ គ្រាន់​តែ​​ជា​សក់​ពាក់​​​ប៉ុណ្ណោះ​ ហើយ​​ខ្ញុំ​ក៏​មិន​ទាន់​មាន​​ភាព​បន្ទាន់​រហូត​​ដល់​ដាច់​ចិត្ត​ ទៅ​​​​​កាត់​សក់​ដ៏​វែង​អន្លាយ​នោះ​ឡើយ។​ តែ​ក៏​អរគុណ​​ ដោយ​ចិត្ត​ស្មោះ​ ដែល​តែង​តែ​ផ្តល់​ក្តី​ស្រឡាញ់​ និង​គាំទ្រ​​​នាង​​ខ្ញុំ​»។​

ចំពោះ​រូប​សម្រស់​វិញ ​តារា​ស្រី​វ័យ​​ក្មេង​​ក៏​មិន​ណយ​ដែរ​ ខណៈកញ្ញា​ រ៉េត ស៊ូហ្សាណា លេច​​វត្តមាន​នៅ​​ក្នុង​បញ្ជី​កំពូល​ស្រី​​​​ស្អាត​​ទាំង​ ១០០ ​រូប ​ប្រចាំ​តំបន់​អាស៊ី​ កាល​ពី​ឆ្នាំ ២០១៩​ ធ្វើ​​​ឲ្យ​​ភ្ញាក់​​ផ្អើល​​ពី​មហាជន​ ដោយ​​ទម្លាយ​​ពី​​អ៊ីនស្តាក្រាម​​​ ឈ្មោះ​​​​ ​50 mostbeautifulasianwomen​។​ ដំណឹង​សិល្បករ-​ការិនី ​​​​​សម្រស់​ស្អាត​​ប្រចាំ​​​​តំបន់​អាស៊ី​ឆ្នាំ ​២០១៩​ ​ក្រៅ​​​​ពី រ៉េត ស៊ូហ្សា​ណា​ នោះ​​​​ក៏​មាន​តារា​​​ខ្មែរ​​មួយ​ចំនួន​ទៀត​​​ដូច​ជា​​​កញ្ញា ស៊ីន យូប៊ីន កញ្ញា ឈៀង ហ៊ុយឡេង កញ្ញា ម៉េលីយ៉ា កញ្ញា ដា ដាវ កញ្ញា ប៊ី សុធារី កញ្ញា រឿន ណាត​ កញ្ញា សំណាង អេលីណា និង​​​​​លោក នីកូ ជាដើម​។

ចំណែក​​​វិស័យ​​ចម្រៀង​វិញ គ្រាន់​តែ​ចេញ​បទ​ចម្រៀង​​ថ្មី​បកស្រាយ​ជា​ភាសា​​ខ្មែរ​​​មាន​ចំណង​ជើង​ថា «សង្ស័យ» ហើយ​​​សម្តែង​ MV ខ្លួន​ឯង​ជា​​មួយ​តួ​ប្រុស​រូប​សង្សា​ជា​កូន​​​​ប្រុស​ទី​២ របស់​លោក ព្រាប សុវត្ថិ គឺ​លោក សុវត្ថិ មុន្នីនាគ​ ត្រឹម​រយៈពេល​ ៦ ​ថ្ងៃ​សោះ ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​​​ច្រើន​មាន​ចំនួ​ន​ 1.5​ M views ឯណោះ៕​ប្រភព៖postkhmer

LEAVE A REPLY