ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ (COVID-19) លើបុរសជនជាតិខ្មែរ១៥នាក់ ដែលបានវិលត្រឡប់ពីប្រទេសអារ៉ាប់ប៊ិសាអូឌី ដោយបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី ហើយមកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១២កក្កដា។

សេចក្តីប្រកាសព័ត៌បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង១៥នាក់នោះ មាន២នាក់ ជាអ្នកភ្នំពេញ, ៣នាក់ មានស្រុកកំណើតនៅខេត្តកណ្តាល, ៧នាក់ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ, ២នាក់ មានស្រុកកំណើតនៅខេត្តតាកែវ និង១នាក់ទៀត មានស្រុកកំណើតនៅខេត្តក្រចេះ។ បុរសខ្មែរទាំង១៥នាក់ មានអាយុចាប់ពី២១ឆ្នាំទៅ៣០ឆ្នាំ។
បច្ចុប្បន្ន អារ៉ាប់ប៊ិសាអូឌី ជាប្រទេសទី១៤ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ លើពិភពលោក។ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ប្រទេសអារ៉ាប់ប៊ិសាអូឌី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២២ម៉ឺននាក់ ជាសះស្បើយជាង១៦ម៉ឺននាក់ ស្លាប់ជាង២ពាន់នាក់។ចំណែក កម្ពុជា មកដល់ពេលនេះ រកឃើញអ្នកជំងឺកូវីដ-១៩ ១៥៦នាក់ហើយ ដោយបានជាសះស្បើយវិញ១៣៣នាក់៕ ប្រភព៖thmeythmey

LEAVE A REPLY