​ភ្នំពេញ​៖ កម្ពុជា នឹង​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​៦,៦​លាន​នាក់​វិញ​នៅក្នុង​ឆ្នាំ​២០២៣ ប្រសិនបើ​ប្រទេស​មហាអំណាច ពិសេស​ប្រទេស​ចិន​មាន​វ៉ាក់សាំង​កូ​វីដ​-១៩(COVID-19)​នៅ​ចុងឆ្នាំ​២០២០​។ នេះ​ជាការ​ព្យាករណ៍​យ៉ាងខ្ពស់​របស់​ក្រសួងទេសចរណ៍ ខណៈ​ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​រំពឹង​ទទួល​ទេសចរ​អន្តរជាតិ​បាន​ត្រឹម​១​,៣២​លាន​នាក់​ប៉ុណ្ណោះ​។

​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​រយៈ​ពេល​៩​ខែ​ដើមឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី​២៦​តុលា ក្រសួងទេសចរណ៍ បាន​បន្ថយ​រយៈពេល​ពី​៧​ឆ្នាំ មក​ត្រឹម​រយៈ​៣​ឆ្នាំ ឬ​យ៉ាងយូរបំផុត​៥​ឆ្នាំ​ប៉ុណ្ណោះ ក្នុងការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ដែល​កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារតែ ជំងឺ​កូ​វីដ​-១៩​។

​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ការប្រើ​រយៈពេល​ត្រឹម​៣​ឆ្នាំ នៃ​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ដែល​កម្ពុជា​អាច​ទទួល​ទេសច​អន្តរជាតិ​បាន​៦.៦​លាន​នាក់​នៅក្នុង​ឆ្នាំ​២០២៣ គឺ​ស្ថិតនៅក្នុង​សេណា​រី​យ៉ូ​ទី​១ ប្រសិនបើ​ប្រទេស​មហាអំណាច ពិសេស​ប្រទេស​ចិន​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​ចុងឆ្នាំ​២០២០​។ ក្នុងករណី បើ​វ៉ាក់​សាំង​កូ​វីដ​-១៩ មាននៅ​ពាក់កណ្តាល​ឆ្នាំ​២០២១ នោះ​ការ​ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​កម្ពុជា ត្រូវ​ទាមទារ​រយៈពេល​យូរ​បំផុត​៥​ឆ្នាំ ដែល​ស្ថិតនៅក្នុង​សេណា​រី​យ៉ូ​ទី​របស់​ក្រសួងទេសចរណ៍​។ ពោល​នៅ​ឆ្នាំ​២០២៥ ទើប​កម្ពុជា​អាច​ទទួល​ទេសចរ​អន្តរជាតិ​បាន​៦,៦​លាន​នាក់​វិញ​។

​ទោះជា​នេះ​យ៉ាង​ក៏ដោយ សម្រាប់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សង្ឃឹម​ខ្ពស់​ថា កម្ពុជា​ទាមទារ​តែ​រយៈពេល​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ដែល​រងគ្រោះ​ពី​វិបត្តិ​សកល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​អង្គការ​សុខភាព​ពិភពលោក​(WHO)​ទទួល​ស្គាល់វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ប្រទេស​ចិន នៅចុង​ឆ្នាំ​២០២០​នេះ​។

«​យើង​ឃើញ​ការផលិត​វ៉ាក់​សាំង​[​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ប្រទេស​ចិន​] គឺ​ចាប់ផ្តើម​មាន​ហើយ​។ ហើយ​នៅពេលដែល​ចិន​មាន​រ៉ា​ក់​សាំង​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ខាងមុខនេះ គឺ​ខ្ញុំ​គិតថា​វ៉ាក់​សាំង នឹង​អាចមាន​ដល់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ថោង ខុន ដោយ​បន្ត​រៀបរាប់ថា​៖« នៅពេល​មានវ៉ាក់​សាំង មកដល់​យើង គឺ​ប្រជាជន​យើង អាច​ទទួលបាន​រ៉ា​ក់​សាំង ឬក៏​ប្រជាជន​ចិន​ចាក់​វ៉ាក់​សាំង​នៅ​ប្រទេស​ចិន [​នោះ​] កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ​មាន​សុវត្ថិភាព ហើយ​ទេសចរ​ជនជាតិ​ចិន​ដែល​មក​កម្ពុជា ក៏​ជា​ទេសចរ​មួយ​មាន​សុវត្ថិភាព​ផងដែរ​»​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រូបនេះ នៅក្នុង​ឆ្នាំ​២០២៣ ដែល​ស្ថិតនៅក្នុង​សេណា​រី​យ៉ូ​ទី​១​នោះ កម្ពុជា​អាចមាន​លទ្ធភាព​ខ្ពស់​ច្រើន ក្នុង​ការទទួល​បានមក​វិញ​នូវ​ចំនួន​ទេសចរ​អន្តរជាតិ​៦,៦​លាន​នាក់ ស្មើនឹង​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ កាលពី​ឆ្នាំ​២០១៩​។ លោក ថោង ខុន មានប្រសាសន៍​ដូច្នេះ​៖«​អ្វី​ជា​សង្ឃឹម​របស់​យើង​[​វិស័យ​ទេសចរណ៍​កម្ពុជា​] គឺ​ប្រហែល​ថយក្រោយ​ត្រឹម​៣​ឆ្នាំ​»​។

​គិត​ត្រឹម​៩​ខែ​ដើមឆ្នាំ​២០២០​មកនេះ មូលដ្ឋាន​អាជីវកម្ម​ក្នុង​ទេសចរណ៍​ទូទាំងប្រទេស​កម្ពុ​ជាមាន​សរុប ២,៨៣៨​ទីតាំង​បាន​បិទទ្វារ និង​ផ្អាក​ដំណើរការ​។ បុគ្គលិក​ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​រា​ប់ប​ញ្ជូ​ល​ទាំង​អ្នកបម្រើ​ការងារ​ក្រៅ​ប្រព័ន្ធ មាន​ប្រមាណ​១០​ម៉ឺន ស្មើនឹង​១៥-២០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​។ លើសពីនេះទៅទៀត ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​ខាត​ចំណូល​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៣,០០០​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។ កាល​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ចំណូល​ចំនួន​៤,៩១៩​លាន​ដុល្លារ ពី​ទេសចរ​អន្តរជាតិ​៦,៦១​លាន​នាក់​។ ចំនួន​នេះ បានរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប (​ផសស ឬ GDP) ជាង​១២​ភាគរយ​៕ ប្រភព៖thmeythmey

LEAVE A REPLY