ភ្នំពេញ៖ ខណៈការប្រកួតប្រជែងសម្រស់នៃកម្មវិធីប្រកួតបវរកញ្ញាផែនដីអន្តរជាតិឆ្នាំ ២០២០ Miss Earth 2020 កំពុងតែចាប់ផ្តើមក្នុងដំណាក់កាលចម្រាញ់ជម្រុះនៃវគ្គសំណួរចម្លើយ ស្រីស្រស់ជាកញ្ញាឯកផែនដីតំណាងឱ្យកម្ពុជាប្រចាំឆ្នាំ ២០២០ កញ្ញា ហេង សុទ្ធនិស្ស័យ ហាក់ទទួលបានការគាំទ្រខ្លាំង និងមានភាពលេចធ្លោពីប្រិយមិត្តអ្នកគាំទ្រលើសកលលោក។
អ្វីដែលគួរឱ្យកោតសរសើរ ក្នុងចំណោមបេក្ខនារីនានា ដែលចូលរួមការប្រកួតកញ្ញាឯកផែនដី Miss Earth 2020 មានចំនួន ៧៩ ប្រទេសទូទាំងពិភពលោកនោះ កញ្ញា ហេង សុទ្ធនិស្ស័យ ក៏ទទួលបានរង្វាន់មេដាយមាសពីការបោះឆ្នោតគាំទ្រតាមគេហទំព័រក្រុមអ្នកគាំទ្រអន្តរជាតិ ជាមួយនឹងកញ្ញាឯកប្រទេសអង់គ្លេស និងកាណាដា លើវិញ្ញាសាឆ្លើយសំណួរស្តីពីបរិស្ថាន និងបញ្ហាផែនដី។
Content image – Phnom Penh Post
តាមលោក ម៉ែន និមលរ័តន៍ ជាប្រធានប្រតិបតិ្តនៃក្រុមហ៊ុន Miss Cambodia International សម្រាប់ការជ្រើសរើសបេក្ខភាពកញ្ញាឯកកម្ពុជា បានបង្ហើបថា៖ «ចំពោះរឿងពានរង្វាន់នោះ បើតាមដឹងគឺជាការរៀបចំដោយគេហទំព័ររបស់ក្រុមអ្នកគាំទ្រនៅទូទាំងពិភពលោកប៉ុណ្ណោះ។ តែទោះជាយ៉ាងណា របៀបនៃការរៀបចំឆ្នាំនេះ រូបខ្ញុំផ្ទាល់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះថាវាជាការរៀបចំតាមអនឡាញលើកដំបូង។ ចំពោះការទទួលការគាំទ្រច្រើនរបស់កញ្ញា ហេង សុទ្ធនិស្ស័យ ពីអ្នកគាំទ្រនោះ គឺដោយសារនាងឆ្លើយសំណួរបានល្អ ដែលជាចំណុចមួយល្អសម្រាប់ការតំណាងឱ្យកម្ពុជាយើង»។
លោក ម៉ែន និមលរ័តន៍ បន្តឱ្យដឹងពីទេពកោសល្យ និងចំណេះដឹងរបស់កញ្ញា និស្ស័យ ដែលមានស្រុកកំណើតនៅក្រុងតាខ្មៅ ទើបតែបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Bridgewater State University នៅរដ្ឋម៉ាសេជូសេត សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៩ កន្លងមកនោះថា៖ «និស្ស័យ ជាបេក្ខនារីមានចំណេះដឹងល្អទាំងភាសាអង់គ្លេស និងចំណេះដឹងទូទៅ ហើយគាត់ក៏មានទេពកោសល្យផ្នែកសិល្បៈផងដែរ គឺនាងចេះនិពន្ធទំនុកច្រៀង និងចេះច្រៀងបទភាសាអង់គ្លេស បានយ៉ាងស្ទាត់ទៀត»។
គួរបញ្ជាក់ថា ហេង សុទ្ធនិស្ស័យ ជាអតីតកញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់លេខ ២ និងធ្លាប់បានប្រកួតកម្មវិធី Miss Cosmopolitan World 2016 នៅម៉ាឡេស៊ី ដោយទទួលបានពាន ២ គឺពាន Best in talent & ពាន Best Eyebrows៕