បរទេស៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា កាសែត Los Angeles Times បានរាយការណ៍ថា តារាចម្រៀងស្រី Selena Gomez បានលក់ផ្ទះដែលមានទីតាំងនៅសង្កាត់ Studio City ក្នុងរដ្ឋ Los Angeles ក្នុងតម្លៃ ២,៣៧ លានដុល្លារបន្ទាប់ពីបានរង់ចាំអស់រយៈពេល ២ ឆ្នាំ។

ទៀតសោត ផ្ទះនេះមានតែមួយជាន់ប៉ុណ្ណោះ ដែលត្រូវបានសាងសង់ឡើងនៅទសវត្សឆ្នាំ ១៩៥០ ។ នៅមុខផ្ទះមានបង្អួចពណ៌បៃតងច្រើនព័ទ្ធជុំវិញដោយសួនច្បារខៀវស្រងាត់។ ផ្នែកខាងក្នុងនៃផ្ទះនេះ​ មានពណ៌សដែលមានពន្លឺ ធម្មជាតិច្រើនផ្តល់នូវអារម្មណ៍កក់ក្តៅ និងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។

ដោយឡែក នៅឆ្នាំ ២០១៨ តារាស្រីរូបនេះ បានចំណាយប្រាក់ជិត ២,២ លានដុល្លារ ដើម្បីកាន់កាប់វីឡានេះ ក៏ព្រោះតែទេសភាពនៃបរិវេណរបស់ផ្ទះមួយនេះ អមជាមួយ ការរចនាវីឡា ត្រូវបានបំផុសគំនិតដោយទេសភាពធម្មជាតិនៃឆ្នេរអាមេរិកបូព៌ា។

យ៉ាងណាមិញ ប៉ុន្មានខែមុន តារាចម្រៀងរូបនេះ ទើបតែទិញអាផាតមិន របស់តារាចម្រៀងរ៉ុក Tom Petty ក្នុងទីក្រុង Encino រដ្ឋ California ក្នុងតម្លៃ ៤,៩ លានដុល្លារឯណោះ៕

LEAVE A REPLY