ភ្នំពេញ៖ ខណៈ​ថ្មីៗ​នេះ​ ស្រាប់​តែ​​តារា​​​ចម្រៀង​​ប្រុស​ល្បី​​​​លោក ខេមរៈ សិរីមន្ត​ បង្ហើរសារ​អបអរ​សាទរ​ទៅ​​ក្មួយ​ស្រី​​ទាំង ​២​ ចំពោះ​​ការ​ទទួល​បាន​​ការ​គាំទ្រ​ពី​មហាជន​ពេញ​បណ្តាញ​​សង្គម​​នឹង​​វត្តមាន​​សម្តែង​ និង​ច្រៀង​ ជា​លើក​​ដំបូង​ គួប​ផ្សំ​នឹង​រូប​​​សម្ផស្ស​ក៏​ស្អាត​ផង​ដែរ​នោះ​។តែ​​ទន្ទឹម​នឹង​នេះ ក៏​​លេច​​រលក​ព័ត៌មាន​លើក​ឡើង​ថា លោក សិរីមន្ត​ ​កំពុង​បង្ហាញ​ពី​ចេតនា​ជួយ​យឹត​យោង​ សណ្តោង​​សាច់​ញាតិ​ខ្លួន​ឲ្យ​ចូល​ទ្រនំ​ហង្សមាស ដូច​ជា​រៀម​ច្បង​​​មាន​លោក ព្រាប សុវត្ថិ ជួយ​​កូន​ប្រុស​ទាំង​ ៣ ខណៈ​លោក ណុប បាយ៉ារិទ្ធ ជួយ​ប្អូនប្រុស​​ពៅ​លោក នីកូ​ នោះ​។​
លោក ខេមរៈ សិរីមន្ត តារា​ចម្រៀង​ប្រុស​ ដែល​​កសាង​​ប្រជាប្រិយភាព​ល្បី​ខ្លាំង​នៅ​ទ្រនំ​ចាស់​​​​​សាន់ដេ អស់​រយៈពេល​ប្រមាណ​ ១០ ឆ្នាំ ខណៈ​លោក​​ទើប​តែ​​​ដូរ​មក​ទ្រនំ​ហង្សមាស​នាពេល ៣-៤ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​​ក៏​​បាន​​លាភ​ជា​ទំនុក​​ចិត្ត​កន្លែង​ថ្មី​​ក្លាយ​​ជា​គ្រូ​បង្វឹក​នៃ​កម្មវិធី​លំដាប់​ពិភព​លោក​ X Factor Cambodia រដូវ​​កាល​ទី​១ ផង​ដែរ។

តារា​ចម្រៀង​ប្រុស​​​​មាន​ឈ្មោះ​ ខេម ប៊ុនថៃ​ ហៅ ខេមរៈ សិរីមន្ត​ ដែល​​បង្ហាញ​​បទ​​ចម្រៀង​​ដំបូង​ មាន​ចំណង​ជើង​ថា «​ស្ទឹង​ត្រែង​បង​អើយ» នៅ​ទ្រនំ​ហង្សមាស ​នោះ​​បង្ហោះ​សារ​សាទរ​ក្មួយ​​ស្រី​ខ្លួន​ថា៖ «WOW​ ក្មួយ​ស្រី​របស់​​ខ្ញុំ​ទាំង ​២​​ ទើប​​តែ​​​ថត MV នឹង​ចេញ​ចម្រៀង បាន ​១ បទ​សោះ ក៏​ត្រូវ​បាន​សម្អាងការ​​​ផ្តល់​​កិត្តិយស​​ឲ្យ​ទៅ​ថត​​ស្ប៉ត​​សម្លៀក​បំពាក់​​​​ឲ្យ​សម្អាង​ការ​បាត់​ទៅ​ហើយ! ​​ជូនពរ​ក្មួយ​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​​​កិច្ច​ការងារ​របស់​ក្មួយ​»។​រំពេច​​នោះ​ក៏​មាន​ អ្នក​គាំទ្រ​ចូល​ហែហម​ខ្លីៗ​ថា៖ «ស្អាត​ណាស់​​​ក្មួយ​មីង​​ទាំង ​២ ​នាក់ ​សែន​ស្រឡាញ់​! ក្មួយ ​អាយដល​​​ស្អាត​​ សុំ​ធ្វើ​ក្មួយ​​ថ្លៃ​បង​ហើយ និង​​ជូនពរ​ឲ្យ​មាន​សេចក្ដី​សុខ​​ណា​បងៗ»។​

ពាក់ព័ន្ធ​នឹង​រឿង​ដែល​មហាជន​បាន​ផ្អើល​រឿង​ថា កំពុង​តែ​​​​សណ្តោង​ក្មួយ​ស្រី​ទាំង​ ២​ ឲ្យ​ចូល​​សិល្បៈ​​​នៅ​ទ្រនំ​ផលិតកម្ម​​ហង្សមាស​នោះ តារា​ចម្រៀង​​ប្រុស​ ខេមរៈ សិរីមន្ត​ បាន​បញ្ជាក់​ថា៖ «ពួក​គាត់​ពិត​ជា​ក្មួយស្រី​របស់​ខ្ញុំ​មែន! ​តែ​ជា​ក្មួយ​សាច់​ញាតិ​ខាង​​​ភរិយា​​ខ្ញុំ​​បាទ​ ហើយ​ការ​ណែនាំ​ដល់​​មហាជន​អ្នក​គាំទ្រ​នោះ ក៏​ដោយ​​សារ​តែ Denny Denny និង​ Daisy Daisy ក្មួយ​ស្រី​ទាំង​ ២ នេះ​មាន​ចំណូល​​​ចិត្ត​សិល្បៈ​ចម្រៀង​ និង​សម្តែង​ពី​ក្មេង​​​ដូច​គ្នា​ ហើយ​រឿង​​ជួយ​​​ខ្ញុំ​មិន​​បដិសេធ​ទេ តែ​រឿង​ថា​ ​ផលិតកម្ម​ទទួល​យក​ពួក​គាត់​ ឬ​មិន​ទទួល​យក​​នោះ គឺ​អាស្រ័យ​លើ​​​សមត្ថភាព និង​ប្រជាប្រិយភាព​ទាក់ទាញ​ទៅ​មហាជន​របស់​​ពួក​គាត់​បង្ហាញ​ជាក់​ស្តែង​​​»។គួរ​បញ្ជាក់​​ថា ក្មួយ​ស្រី​ទាំង​ ២ របស់​ ខេមរៈ សិរី​មន្ត​ បាន​លេច​វត្តមាន​ក្នុង​​ការ​​សម្តែង​បទ​ចម្រៀង ​«វាល​ត្រែង​វាល​​ស្មៅ​» និង ​ច្រៀង​បទ «​នឹក​ណាស់​ឈឺ​ណាស់»៕​ប្រភព៖ប៉ុស្ត៏ខ្មែរ

LEAVE A REPLY