តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ គឺបើកគ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) តែសម្រាប់តែសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ហើយក្នុង១ថ្នាក់ អនុញ្ញាតឲ្យមានសិស្សតែ១៥នាក់ប៉ុណ្ណោះ ដោយគោរពទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក។

ក្រសួងអប់រំ ក៏ជូនព័ត៌មានដែរថា នៅខែធ្នូ ឆ្នាំ២០២០ ក្រសួង នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងសាលារដ្ឋនិងសាលាឯកជន។ ក្រសួងអប់រំ បានឲ្យដឹងថា ចំពោះសិស្សសាលាឯកជន ដែលត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២០ ត្រូវលើកពេលទៅប្រឡង នៅខែធ្នូ ឆ្នាំ២០២០ ជាមួយសិស្សសាលារដ្ឋវិញ។

ចំពោះសិស្សថ្នាក់ផ្សេងទៀត ក្រៅពីថ្នាក់ទី៩និងថ្នាក់១២ ក្រសួងអប់រំ មិនទាន់អនុញ្ញាត ឲ្យចូលរៀនវិញនៅពេលនេះទេ។ ក្រសួងអប់រំ ប្រាប់ថា នឹងរៀបចំសេចក្តីណែនាំតាមក្រោយ ចំពោះការសិក្សា សម្រាប់សិស្សថ្នាក់ដទៃ នៃគ្រឹះស្ថានសិក្សាសាធារណៈ។

ការបើកសាលារៀន ក្នុងដំណាក់កាលទី២នេះ គឺបន្ទាប់ពីក្រសួងអប់រំ បានបើកសាលារៀន ក្នុងដំណាក់កាលទី១រួចមក នាពេលថ្មីៗនេះ។ ក្នុងដំណាក់កាលទី១ គឺក្រសួងបើកតែសាលារៀនឯកជន២០ប៉ុណ្ណោះ ដែលមានស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងសៀមរាប និង ក្រុងបាត់ដំបង។ នាពេលខាងមុខ ក្រសួងអប់រំ នឹងបន្តរៀបចំបើកសាលារៀន ក្នុងដំណាក់កាលទី៣។

នៅថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២០ សិស្សថ្នាក់ទី៦ នៃសាលាឯកជន ទើបនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ ចំណែកការប្រឡងឌីប្លូម សម្រាប់សិស្សសាលារដ្ឋ ក្រសួងអប់រំ មិនទាន់កំណត់ពេលនោះទេ៕
ប្រភព៖thmeythmey

LEAVE A REPLY