សៀមរាប៖ ​​ផ្ទះ​សំបែង​របស់​អ្នក​ភូមិ​រស់នៅ​ប្រចាំ​ថ្ងៃ​ជាមួយ​សួន​​បុប្ផា​ផ្កា​ភ្ញី​ក្បែរ​ជើង​ជណ្ដើរ​ ​របង លើ​ជញ្ជាំង​ស្លឹក​​ បន្ថែម​សួន​បន្លែ​អន្លក់​ និង​មាន់​ទា​​ក្នុង​បរិវេណ​ផ្ទះ​ គឺ​ជា​លំនៅឋាន​បែប​ជនបទ​នៃ​​ភូមិ​គំរូ​ព្រះ​ដាក់​ដែល​នឹង​បង្អួត​សម្រស់​ប្រហាក់​ប្រហែល​គ្នា​ចាប់​ពី​កម្រិត​ភូមិ​ ឃុំ និង​រហូត​ដល់​ស្រុក​បន្ទាយស្រី​ទាំង​មូល​។

ទិដ្ឋភាព​ភូមិឋាន​បែប​ជនបទ​​នេះ​​​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ស្ទួយ​ទេសចរណ៍​ធម្មជាតិ​ ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​អភិបាល​ស្រុក​បន្ទាយស្រី​។

លោក ឃីម ហ្វីណង់ ជា​អភិបាល​ស្រុក​បន្ទាយ​ស្រី ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ចំពោះ​គម្រោង​ផ្ទះ ​១ ​អំពូល ​១ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «​​បន្ទាយស្រី​ គឺ​ជា​ស្រុក​ទេសចរណ៍ ហើយ​យើង​ចង់​ជំរុញ​ឲ្យ​ទូទាំង​ស្រុក​មាន​ភូមិឋាន​ស្អាត ដែល​ជា​ផ្នែក​មួយ​នៃ​បរិស្ថាន​ស្អាត និង​បដិសណ្ឋារកិច្ច​ល្អ​ ដើម្បី​ទាក់ទាញ​​​ទេសចរ​​។ ​ដំបូង​ យើង​ត្រូវ​រៀបចំ​ភូមិឋាន​សិន មុន​នឹង​បណ្ដុះបណ្ដាល​ឥរិយាបថ​​ពលរដ្ឋ​»​។

ផ្ដើម​​ពី​ភូមិ​ព្រះដាក់​ រួច​ឈាន​ឆ្ពោះ​ទៅ​កាន់​ទូទាំង​ស្រុក​ លោក ហ្វីណង់ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ លោក​បង្កើត​​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «២០២០ បន្ទាយ​ស្រី​ស្អាត​» ដែល​មាន​ភូមិ​គំរូ ការ​ប្រមូល​សំរាម​ ដែល​​​កំណត់​ឲ្យ​មេ​ភូមិ​ទាំង​ ៣៦ ភូមិ ធ្វើ​ការ​ចុះ​ប្រមូល​សំរាម​ម្ដង​ក្នុង ​១ ​ខែ និង​ការ​អប់រំ​​អំពី​របៀប​រស់នៅ​ស្អាត​ជាដើម​។

អភិបាល​ស្រុក​ដែល​​ខ្នះខ្នែង​អភិវឌ្ឍ​​ដែនដី​រដ្ឋបាល​របស់​ខ្លួន​រូប​នេះ​បាន​បន្ដ​ថា​៖ «​ពេល​​រៀបចំ​បាន​​ពី ៣ ទៅ ៥ ផ្ទះ យើង​ចាប់​ផ្ដើម​ឲ្យ​ពលរដ្ឋ​មួយ​ភូមិ​ [ព្រះដាក់​] ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ ហើយ​បើ​ផ្ទះ​ណា​ឈ្នះ យើង​នឹង​ប្រគល់​រង្វាន់​ជូន​ពួក​គាត់​។ យើង​នឹង​បន្ដ​សកម្មភាព​នេះ​ទៅ​ភូមិឋាន​ដទៃ​ទៀត​រហូត​ដល់​ឃុំ​គំរូ និង​ស្រុក​បន្ទាយស្រី​ទាំង​មូល​តែ​ម្ដង​»។

Content image – Phnom Penh Post
ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ដ​មក​ពី​សាកលវិទ្យាល័យ​ ២ នៃរាជធានីភ្នំពេញ ជួយ​រៀបចំ​ភូមិ​គំរូ​ព្រះដាក់​ ដែល​ដឹកនាំដោយ​សាស្ដ្រាចារ្យ​ រស់ ស៊ីវណ្ណ​។ រូបថត សហ​ការី
លោក​បញ្ជាក់​ថា ទេសចរណ៍​នៅ​បន្ទាយ​ស្រី​​ជា​ទេសចរណ៍​បែប​កសិទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ ឬ​និយាយ​ងាយ​ស្រួល គឺ​ទេសចរណ៍​បែប​ជនបទ​។ ទោះ​មាន​ការ​អភិវឌ្ឍ​ដើម្បី​ទាក់ទាញ​ទេសចរ​យ៉ាង​ណា​ក៏​ដោយ​ ក៏​បន្ទាយ​ស្រី​​នៅ​តែ​រក្សា​អត្ដសញ្ញាណ​អ្នក​បន្ទាយស្រី​ចាស់​ ដោយ​​មិន​​ព្យាយាម​បង្កើត​អ្វី​ដែល​ថ្មី​​ទេ​។

លោក ហ្វីណង់ ​បន្ថែម​ថា​៖ «​ព្រះដាក់​​ជា​ភូមិ​បេតិកភណ្ឌ ឬ​ជា​ភូមិ​បុរាណ​ ដែល​មាន​ប្រវត្ដិ​យូរ​លង់​ ស្ថិត​ក្នុង​បាត​បារាយណ៍​តាំង​ពី​សម័យ​អង្គរ​។ សូម្បី​តែ​​ពូជ​ផ្កា​ទាំង​នេះ​ក៏​ត្រូវ​បាន​ប្រើ​ផ្កា​ដុះ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី​​។ បើ​ប្រើ​ផ្កា​ប្រណីត ពួក​គាត់​ត្រូវ​ចំណាយ​ដែល​ជា​​ការ​លំបាក​សម្រាប់​ពលរដ្ឋ​។ ទាំង​នេះ​ យើង​ចង់​​បាញ់​ឆ្ពោះ​ទៅ​រក​ទេសចរណ៍​បែប​ជនបទ ដែល​មាន​អត្ដសញ្ញាណ​ច្បាស់​លាស់​។លោក​​​រៀបរាប់​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ផ្ទះ​គំរូ​​​ថា​៖ «ចំពោះ​ផ្ទះ​គំរូ យើង​ចង់​ឲ្យ​​​ផ្ទះ​មាន​ផ្កា​ មាន​ស្មៅ អត់​សំរាម​ និង​មាន​បន្លែ​បង្ការ​ ចិញ្ចឹម​សត្វ​ ដែល​ជា​ទំនៀម​ទម្លាប់​ខ្មែរ​តាំង​ពី​ដើម​។ សំខាន់​ យើង​ចង់​ឲ្យ​ប្រជាជន​មាន​របៀប​រស់នៅ​ស្អាត​ ដោយ​យើង​ជួយ​បែង​ចែក​បរិវេណ​ផ្ទះ​ រួម​មាន​ កន្លែង​សម្រាប់​ហាល​ខោ​អាវ​ និង​ធុង​សំរាម។ ​ផ្ទះ​គំរូ​ខ្លះ យើង​ផ្ដល់​ជម្រើស​ជា​ផ្ទះ​ស្នាក់ ​ទៅ​ថ្ងៃ​មុខ សម្រាប់​​​ទេសចរ​»។

ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ដ​​សាកល​វិទ្យាល័យ​​បញ្ញាសាស្ត្រ និង​វេស្ទើន​ ២២ នាក់ ​មក​ពី​ភ្នំពេញ ដែល​ដឹក​នាំដោយ​ លោកគ្រូ រស់ ស៊ីវណ្ណ សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម ​​ចំណាយ​​ពេល ​១​ សប្ដាហ៍​​​រចនា​បរិវេណ​ផ្ទះ​​ ៣ ខ្នង​ដំបូង​ក្នុង​ភូមិ​ព្រះដាក់​។

ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ដ​មក​ពី​សាកលវិទ្យាល័យ​ ២ នៃរាជធានីភ្នំពេញ ជួយ​រៀបចំ​ភូមិ​គំរូ​ព្រះដាក់​ ដែល​ដឹកនាំដោយ​សាស្ដ្រាចារ្យ​ រស់ ស៊ីវណ្ណ​។ រូបថត សហ​ការី
លោក ហ្វីណង់ ​ឲ្យ​ដឹង​ថា វា​ដោយសារ​​ផ្ទះ​ពួក​គាត់​អត់​មាន​ការ​រៀបចំ​ទាំង​​អស់​ ខណៈ​ដែល​ក្រុម​និស្សិត​នៅ​មិន​ទាន់​មាន​បទពិសោធ​ច្រើន​ ដែល​ទាមទារ​ចំណាយ​ពេល​ច្រើន​។ ក្រុម​និស្សិត​ចំណាយ​​​ថវិកា​ផ្ទាល់​ខ្លួន​​ និង​ដើរ​សុំ​សម្ភារ​ផ្សេងៗ​ពី​អ្នក​ភូមិ​មក​រៀបចំ​​ផ្ទះ​ ដូចជា ឥដ្ឋ ឫស្សី និង​ឈើ​។ ម្ចាស់​ផ្ទះ​ ដែល​ទទួល​ផល​នេះ ក៏​មាន​ភារកិច្ច​ជួយ​ទទួល​កន្លែង​ស្នាក់នៅ និង​ម្ហូប​​អាហារ​ឲ្យ​ពួក​គាត់​ផង​ដែរ​។

យ៉ាងណា​មិញ លោក​ទទួល​ស្គាល់​ថា ពេល​​ចាប់​ផ្ដើម​ធ្វើ​ការងារ​អភិវឌ្ឍន៍​ភូមិឋាន​ដំបូង ​មាន​ការ​លំបាក​។ ប៉ុន្ដែ​​ដោយសារ​គម្រោង​នេះ មិន​មែន​ជា​លើក​ទី១ ​ដែល​​ផ្ទះ ​១ អំពូល ​​១ ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ហើយ​ពលរដ្ឋ​​​ក្រាល​ការ៉ូឡា​ និង​ដាំ​ផ្កា​តាម​ជើង​បង្គោល​ភ្លើង​ ជា​ការ​ឆ្លើយ​តប​នឹង​រដ្ឋបាល​ស្រុក​ដាំ​​​ផ្កា​ចម្ប៉ា​តាម​ដង​ផ្លូវ​។
លោក ឃីម ហ្វីណង់ ​និយាយ​ថា​៖ «​បច្ចុប្បន្ន​ ប្រជាជន​​​មាន​ការ​បើក​ចំហ​ ហើយ​សូម្បី​តែ​គម្រោង​យើង​កំពុង​​ធ្វើ​នេះ ផ្ទះ​មួយ​ចំនួន​ចាប់​ផ្ដើម​រៀបចំ​សួន​អី​បណ្ដើរៗ​​​។ ថ្មីៗ​នេះ យើង​​​ឃើញ​វត្ដមាន​ភ្ញៀវ​ច្រើន ជាក់​ស្ដែង ​កន្លែង​ហូប​នំ​បញ្ចុក​អី យើង​មាន​រថយន្ដ​ចត​តាម​ដង​ផ្លូវ​ច្រើន​ រហូត​ដល់​​​​បន្ដ​លក់​មាន់​អាំង កង្កែប​បោប​ជាដើម​»។
លោក​ថា​៖ «​អ្នក​ភូមិ​​យល់​ឃើញ​ថា ការ​រៀបចំ​ភូមិឋាន​ឲ្យ​ស្រស់​ស្អាត​នេះ ពិត​ជា​មាន​ប្រយោជន៍​។ ចាប់​ពី​ពេល​នេះ​ អ្វី​ក៏​ដោយ​ឲ្យ​តែ​ផ្ដល់​ប្រយោជន៍​រួម​ អ្នក​ភូមិ​សប្បាយ​ចិត្ដ​ និង​ការ​ចូលរួម​ធ្វើ​ជាមួយ​គ្នា​»៕

LEAVE A REPLY